ក្រុម CG Movement បានបញ្ចេញសមាជិករបស់ពួកគេម្តងម្នាក់ជារឿយៗតាមរយៈបទចម្រៀងថ្មីៗ ហើយនិងកាលពីថ្មីៗនេះផងដែរពួកគេទើបតែបានឡើងសម្តែងរួមគ្នានៅក្នុងការប្រគំតន្រ្តី iGoPleng 2.0 របស់ Smart ដែលបានធ្វើឡើងកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះទេ និងធ្វើអោយទស្សនិកជនមានការភ្ញាក់ផ្អើលនឹងការសម្តែងដ៏កក្រើកឆាកជាមួយនឹងសមាជិកដ៏ច្រើននាក់ ដែលក្នុងនោះផងដែរក៏មានលោក 1NE ផងដែរ ដែលជាសមាជិកពៅ និងតារាចម្រៀងចម្បងម្នាក់នៅក្នុងការសម្តែង។ នៅក្នុងបទចម្រៀងថ្មីចុងក្រោយរបស់លោក 1NE ដែលទើបនឹងចេញផ្សាយថ្មីៗនេះ ផ្ទុះនូវការចាប់អារម្មណ៍ម្យ៉ាងដោយលោកបានឆ្លៀតបញ្ចូលប៉ារ៉ូលចម្រៀងលើកយកឈ្មោះ BC Zin & Zin II មកក្នុងចុងបញ្ចប់នៃបទរបស់លោកថែមទៀត។ បទ«កើតអី» រឺហៅម្យ៉ាងទៀតថា«What’s Wrong» របស់លោក 1NE គឺត្រូវបានចេញផ្សាយកាលពីថ្ងៃទី៣០ ខែធ្នូកន្លងទៅនេះ និងបានធ្វើអោយមហាជនមានការទទួលស្វាគមន៍លោកយ៉ាងកកក្តៅចំពោះការវិលត្រលប់របស់លោកនៅក្នុងបទចម្រៀងថ្មីមួយនេះ។
លោក 1NE ក៏បានបង្ហាញចំណាប់អារម្មណ៍នៅលើបណ្តាញសង្គមថាចំពោះបទចម្រៀង«កើតអី»នេះ លោករំពឹងថានឹងត្រូវសាច់រឿងរបស់មនុស្សច្រើនគ្នានៅក្នុងសង្គមរស់នៅបច្ចុប្បន្ន ដែលជាញឹកញាប់តែងតែជួបប្រទះមនុស្សស្អប់យើង តែនិយាយពីយើង។ បន្ថែមពីលើនេះផងដែរ លោកក៏បានអរគុណសំរាប់ការចូលទស្សនាដែលទទួលបាន១០០Kផងដែរនៅលើយូធូបក្នុងរយៈពេល២៤ម៉ោង។ កត់សម្គាល់ឃើញថានៅចុងបញ្ចប់នៃបទចម្រៀងនេះក៏មានស៊កបញ្ចូលនៅប៉ារ៉ូលចម្រៀងទាក់ទងនឹងឈ្មោះ BC Zin & Zin II ផងដែរ ដែលជា Trend មួយនៅកំឡុងឆ្នាំ២០១៩ផងដែរ។ មហាជនជាច្រើននាក់មានការងឿងឆ្ងល់នៃការរំលឹកដល់សម័យកាល BC Zin & Zin II ឡើងវិញនៅក្នុងបទចម្រៀងមួយនេះណាស់។
ប៉ុន្តែអ្វីដែលធ្វើអោយពួកគេរំលឹកឡើងវិញបន្ទាប់ពីទស្សនាបទចម្រៀងនេះចប់ ទើបយល់បានថាការបញ្ចូលពាក្យនេះទៅក្នុងបទចម្រៀងព្រោះចង់បង្កប់អត្ថន័យបង្ហាញពីចំណងមិត្តភាពដ៏ស្មោះស្ម័គ្រមួយរវាងមិត្តនៅក្នុងក្រុមដែលជាក់ស្តែងមានបង្ហាញស្រាប់នៅក្នុងបទចម្រៀង។ BC Zin &Zin II ជា Trend ដែលត្រូវបានយកមកលេងសើច តែក៏មានបង្កប់អត្ថន័យនៅក្នុងនោះផងដែរជាក់ស្តែងនូវឃ្លាល្បីជំនាន់នោះថា«អញមានតែពីរនាក់មិត្តភក្តិអញទេ Zin II និង BC Zin»។