ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំពិធីសម្ពោធវិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ (រូបពីរ) នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដែលវិមាននេះ ស្ថិតនៅឧទ្យានឡេអូប៉ូល សេដា សេនហ្គ័រ (សួនច្បារមុខស្ថានទូតបារាំង) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ប៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានជូនដំណឹងពីការបញ្ចៀសចរាចរ សម្រាប់យន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់កំណាត់មហាវិថីព្រះមុនីវង្ស ចាប់ពីផ្លូវលេខ៨៤ ដល់រង្វង់មូលកាំភ្លើងកួចកាណុង និងកំណាត់ផ្លូវជុំវិញទីតាំងប្រារព្ធពិធីផងដែរ។ សូមបញ្ជាក់ថា វិមាននេះ ត្រូវបានធ្វើពិធីក្រុងពាលី និងបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក Olivier – Becht រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីអឺរ៉ុប និងកិច្ចការបរទេស ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស នៃសាធារណរដ្ឋបារាំង លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថោង ខុន រដ្ឋ មន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធយ៉ាងច្រើន។
ថ្លែងក្នុងពិធីក្រុងពលី និងបញ្ចុះបឋមសិលានោះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើងថា រាជរដ្ឋាភិបាលបានសម្រេចធ្វើការសាងសង់វិមាននេះ បន្ទាប់ពីវិមាននេះ ដែលធ្លាប់បានសាងសង់កាលពីឆ្នាំ១៩២៥ ត្រូវបានរបបកម្ពុជាប្រជាធិបតេយ្យបំផ្លាញចោល។ លោកឧបនាយករដ្ឋមន្រ្តីបន្តថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចសាងសង់វិមាននេះឡើងវិញ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចាប់ពីឆ្នាំ១៩៧៩មក ដែលបានខិតខំស្តារ និងលើកតម្លៃនូវរាល់សមិទ្ធផលនានា ដែលនៅសេសសល់ពីការកម្ទេចចោលរបស់ខ្មែរក្រហម និងដើម្បីពង្រឹងចំណងមិត្តភាព មេត្រីភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបារាំង ឱ្យកាន់តែរឹងមាំ ឋិតថេរយូរអង្វែងតទៅ។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ការសម្រេចសាងសង់វិមាននេះ គឺដើម្បីរំលឹកដល់ជ័យជម្នះនៅក្នុងសង្គ្រាមលោកលើកទី១ របស់បារាំងលើអាល្លឺម៉ង់ផង ដើម្បីរំឭកដល់ពលីកម្មរបស់យុទ្ធជនស្ម័គ្រចិត្តកម្ពុជា ក្នុងការជួយច្បាំងបារាំងនៅក្នុងសង្គ្រាមនោះផង និងជាការថ្លែងអំណរគុណដល់កម្ពុជា ជាពិសេសចំពោះព្រះមហាក្សត្រព្រះករុណា ព្រះបាទស៊ីសុវត្ថិ ដែលបានបញ្ជូនកងជីវពលខ្មែរ ទៅជួយធ្វើសង្គ្រាមបារាំងដល់ទឹកដីបារាំង នៅក្នុងចន្លោះឆ្នាំ១៩១៦ ដល់ឆ្នាំ១៩១៨ផង ។ កងជីវពលរបស់កម្ពុជា ដែលបានបញ្ជូនចេញទៅច្បាំងនៅក្នុងប្រទេសបារាំងនាសម័យកាលនោះ ភាគច្រើនជាយុវជនគ្មានបទពិសោធន៍នៅក្នុងសង្គ្រាម និងត្រូវប្រឈមនឹងអាកាសធាតុត្រជាក់យ៉ាងខ្លាំងលើកទីមួយនៅក្នុងជីវិតរបស់ពួកគាត់។ ចំណែកលោក Olivier Becht បានបង្ហាញពីការសប្បាយចិត្តយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តដ៏មានអត្ថន័យក្នុងការសាងសង់វិមាននេះឡើងវិញដោយសារទីកន្លែងនេះ ជាកន្លែងមួយរំលឹកនូវប្រវត្តិសាស្ត្ររួម ក៏ដូចជាគូសបញ្ជាក់សាជាថ្មីនូវគុណតម្លៃដែលមានរួមគ្នា។ លោកបញ្ជាក់ថា កាយវិការនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីជម្រៅទំនាក់ទំនង ដែលផ្សារភ្ជាប់ប្រទេសទាំងពីរកម្ពុជា-បារាំង និងប្រវត្តិសាស្ត្រដែលប្រទេសទាំងពីរមានរួមគ្នា ដោយគិតមកដល់ពេលនេះមានរយៈពេល១៦០ឆ្នាំហើយ ។ ជាងនេះទៅទៀត ការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការសាងសង់វិមាននេះឡើងវិញ គឺជាកាយវិការដ៏ឧត្ដុង្គឧត្ដមមួយ ក្នុងការវាយតម្លៃខ្ពស់ចំពោះការលះបង់របស់យុទ្ធជនកម្ពុជា និងបារាំង ក្នុងការពលីកម្មដើម្បីប្រទេសបារាំង ។ សូមបញ្ជាក់ថា វិមាននេះ ត្រូវរចនាឡើងលើខឿនទម្រង់អដ្ឋកោណ និងមាន៣ថ្នាក់ ធ្វើអំពីបេតុង ក្រាលថ្មក្រានីត ដែលមានទំហំខឿនសរុប១៤,២២ ម៉ែត្រ X ១៤,២២ ម៉ែត និងកម្ពស់សរុប១២,៧៤ ម៉ែត្រ។ ថ្នាក់ទី១ កម្ពស់១,១០ម៉ែត្រ លម្អដោយសួនច្បារ ថ្នាក់ទី២ កម្ពស់២,១០ ម៉ែត្រ ថ្នាក់ទី៣ កម្ពស់៩,៣៧ ម៉ែត្រ បដិមាទាហានខ្មែរ-បារាំង កម្ពស់ពីបាទជើង ដល់ចុងស្លឹកកន្ទួត៣,៣៧ម៉ែត្រ និងស្ថិតនៅកម្ពស់១២,៧៤ម៉ែត្រ ពីកម្រិតកម្ពស់សូន្យ រូបសំណាកសត្វតោធ្វើអំពីលង្ហិន ចំនួន៤ រចនាតាមសិល្បៈខ្មែរស្ថិតនៅតាមជ្រុងនៃអនុទិស តំណាងឲ្យឆ្មាំនៃអនុទិសទាំង៤៕
