ភ្នំពេញ៖ ឥទ្ធិពលពីជ្រលងសម្ពាធទាប ខ្សោយ និងខ្យល់បម្រែបម្រួល ដែលជាហេតុបង្កលក្ខណៈងាយស្រួលក្នុងការកកើតឡើងនូវស្រទាប់កម្ដៅ (heat low pressure cell) បណ្ដាលឲ្យសីតុណ្ហភាពកើននឹងអាចមានភ្លៀងដោយអន្លើចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមីនា។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមីនានេះថា ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី២៥-២៧ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ៣៦-៣៨អង្សាសេ ហើយអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ ។
ក្រសួងឱ្យដឹងបន្តថា នៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមាមានពី២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣៦- ៣៨ អង្សាសេ ហើយអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។ ដោយឡែកនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាមានពី២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣៣-៣៥អង្សាសេ ហើយអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើផងដែរ៕