ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញគោលបំណងចង់បើកច្រកព្រំដែនកម្ពុជា-វៀតណាម នៅតំបន់កោះថ្ម ដើម្បីសម្រួលដល់ការធ្វើដំណើរ និងផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងពិធីរំលឹកខួបទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការសង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍ប៉ុលពត នៅខេត្តត្បូងឃ្មុំ ថា ហេដ្ឋារចនាសម្ព័ន្ធ ដែលបានតភ្ជាប់នៅតំបន់កោះថ្ម ត្រូវបានអភិវឌ្ឍន៍ ហើយក្នុងពេលវេលាសមស្របណាមួយអាចនឹងបើកច្រកនេះ ទៅជាច្រកអន្តរជាតិ ផងដែរ ។
សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ការបើកច្រកទ្វារអន្តរជាតិនេះ ត្រូវបំពេញការងារមួយចំនួនជាមុនសិន ខណៈតំបន់នេះ នឹងធ្វើឲ្យប្រទេសទាំងពីរ មានទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយនឹងច្រកពាណិជ្ជកម្ម ដែលប្រទេសទាំងពីរ កំពុងមានការរីកចម្រើនស្រាប់។
សូមបញ្ជាក់ថា តំបន់កោះថ្ម ឬ X16 គឺជាតំបន់ប្រវត្តិសាស្រ្ត ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាប់ជាមួយព្រំដែន ប្រទេសវៀតណាម។តំបន់នេះ គឺជាដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិ របស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីការកាប់សម្លាប់របស់ខ្មែរក្រហម៕