BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ»

ថ្ងៃពុធ, 15 ខែធ្នូ 2021 14:59  ហេង សំណាង

photo_2021-12-15_14-41-00c (1)

នៅព្រឹកថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH»។  សណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ» បានសាងសង់ក្នុងតម្លៃ ១៨០លានដុល្លារ ស្ថិតកណ្តាលរាជធានីភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានទិញម៉ាកយីហោមកពីអាមេរិក។

តាមការអោយដឹងពីអ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានអោយដឹងថា សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី» គឺជាពាណិជ្ជកម្មមួយរបស់ «ហៃយ៉ាត់ ហូថែល ខបភើរេសិន» ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកកំពុងប្រតិបត្តិការសណ្ឋាគារជាង ៩០០ទីតាំង ក្នុង៦៥ប្រទេស និងមានយីហោប្រណិតចំនួន២១។ សណ្ឋាគារនេះមានបន្ទប់ចំនួន ២៤៧បន្ទប់ ដែល ៤៣បន្ទប់ជាបន្ទប់ប្រភេទស្វីត។ សណ្ឋាគារ ក៏មានរីជិនស៊ីក្លិប (Regency Club) ដែលជាកន្លែងសម្រាប់ទទួលភ្ញៀវលំដាប់ វីអាយភី ស្ថិតនៅជាន់ទី១០។ រីជិនស៊ី ប៊លរូម (Regency Ballroom) ជាសាលដ៏ធំទូលាយនិងទំនើបសម្រាប់រៀបចំកម្មវិធីនិងកិច្ចប្រជុំគ្រប់ប្រភេទ។ វត្តមានសណ្ឋាគារនេះ នឹងចូលរួមចំណែកក្នុងការនាំមកនូវកំណើនភ្ញៀវទេចរ តាមរយៈការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងធុរជនពីគ្រប់ទិសទីលើសកលលោកមកកាន់ប្រទេសកម្ពុជា។ 

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយ និងបានអបអសាទរចំពោះក្រុមហ៊ុន ជីប ម៉ុង ។ សម្តេចចាត់ទុកថាសណ្ឋាគារនេះជាសមិទ្ធផលមួយសម្រាប់ជាតិកម្ពុជាផងដែរ ហើយតាមរយ:សណ្ឋាគារនេះក៏បានផ្តល់ការងារ ផ្តល់ពន្ធជូនរដ្ឋ និងទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចពិតជាមោទនភាពចំពោះក្រុមហ៊ុន ជីបម៉ុង និងក្រុមហ៊ុនដទៃទៀតនៅកម្ពុជា ដែលបានរួមចំណែកធ្វើឱ្យកម្ពុជាមានវឌ្ឍនភាពលើវិស័យសំខាន់ៗ។  សម្តេចតេជោបានមានប្រសាសន៍ថា សមិទ្ធផលដែលកើតមានឡើងនេះ គឺដោយសារយើងមានថ្ងៃរំដោះថ្ងៃ៧ មករា១៩៧៩ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលនេះគឺជាសច្ចភាពប្រវត្តិសាស្ត្រ ហើយគ្មានអ្វីនឹងខ្លាចក្នុងការនិយាយនោះទេ។

photo_2021-12-15_14-41-06m

សម្តេចតេជោ ហ៊ុន សែន បានរំលឹក ថា រាជធានីភ្នំពេញពីមុន គឺជាទីក្រុងមួយដ៏ស្ងប់ស្ងាត់ និងឯកោបំផុតនៅក្រោយពេលរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ក្រោយថ្ងៃរំដោះ និងការប្រឹងប្រែងស្វែងរកសុខសន្តិភាព ពិសេសក្រោយឆ្នាំ១៩៩៨ ប្រទេសជាតិយើងបានចាប់ផ្តើមមានសន្តិភាព និងមានការអភិវឌ្ឍចម្រើនលូតលាស់ជាបន្តបន្ទាប់។

ទាក់ទងស្ថានភាពជម្ងឺកូវីដ-១៩ នៅថ្ងៃនេះ សម្តេចតេជោបានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះមេរោគបំប្លែងថ្មី «អូមីក្រុង» តែមិនត្រូវស្លន់ស្លោខ្លាំងពេកនោះទេ។ សម្តេចតេជោបានថ្លែងថា ការធ្លាក់ចុះនៃការរាតត្បាតជំងឺកូវីដ-១៩ គឺបានមកពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងក្រុមហ៊ុននានា ជាពិសេសការចូលរួមបរិច្ចាគថវិកាក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ និងបានអរគុណដល់បណ្ដាប្រទេសមួយចំនួនដែលបានផ្គត់ផ្គង់វ៉ាក់សាំងមកកម្ពុជា ទាំងជំនួយ ទាំងការបញ្ហាទិញ ជាពិសេសប្រទេសចិនដែលបានផ្តល់ច្រើនជាងគេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិធានការវ៉ាក់សាំងមិនទាន់គ្រប់គ្រាន់ទេ ត្រូវតែបន្តការប្រកាន់ខ្ជាប់វិធានការ «៣ការពារ និង៣កុំ»។ 

នៅថ្ងៃនេះ សម្ដេចតេជោបានអំពាវនាវឲ្យម្ចាស់រថយន្តទាំងអស់ដែលជ្រកក្រោមផ្លាករដ្ឋ រថយន្តចង្កូតស្តាំ មិនទាន់បានបង់ពន្ធ សូមប្រញ៉ាប់ទៅបង់ពន្ធ ឲ្យបានទាន់ពេលវេលា មុនដំណាច់ឆ្នាំ២០២១នេះ ពោលគឺផុតកំណត់នៅថ្ងៃទី៣០ធ្នូ២០២១ ដើម្បីទទួលបានការអនុគ្រោះ១០% ហើយបើមិនបង់មុនឆ្នាំ២០២១នោះទេ មិនមានការអនុគ្រោះគ្រោះ១០%ឡើយ។ 

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងនាមប្រធានអាស៊ាន ដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។ សម្ដេចបានមានប្រសាន៍បញ្ជាក់ថា សម្ដេចនឹងតែងតាំង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្វើជាបេសកជនរបស់ប្រធានអាស៊ាន ដើម្បីចុះទៅសម្របសម្រួលជាមួយប្រទេសមីយ៉ាន់ម៉ា។ 

សម្តេចតេជោ ហ៊ុន សែន បានអបអសាទរចំពោះសមិទ្ធផល នៃសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី នាថ្ងៃនេះ និងជូនពរអោយក្រុមហ៊ុនទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត ព្រមទាំងបានប្រកាសសម្ពោធបើកអោយដំណើរជាផ្លូវការចាប់ពីពេលនេះតទៅ៕

photo_2021-12-15_14-41-01m

 

photo_2021-12-15_14-41-02m

 

photo_2021-12-15_14-41-03m

 

photo_2021-12-15_14-41-04m

 

photo_2021-12-15_14-41-05m


 


ថ្ងៃពុធ, 15 ខែធ្នូ 2021 14:59  ហេង សំណាង