ភ្នំពេញ : អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឬក៍ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សតកម្ពុជា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានយាងដង្ហែសពតាមព្រះទីនាំងពិសេសពីប្រទេសបារាំងបានមកដល់កម្ពុជាហើយ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ។
ព្រះសពសម្តេចក្រុមព្រះ ត្រូវបានដង្ហែតាមព្រះទីនាំងរថយន្ត ឆ្ពោះទៅកាន់ព្រះដំណាក់ផ្លូវសម្តេចប៉ាន់ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ដើម្បីប្រារព្ធព្រះរាជពិធីបុណ្យតាមព្រះរាជវេណី។
សូមរំលឹកថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង វេលាម៉ោង ៣:៤០នាទី ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ៕